តើកម្មសិទ្ធិអចលនះទ្រព្យមានប៉ុន្មានប្រភេទ ? ស្វែងយល់ពីកម្មសិទ្ធិលើអចលនវត្ថុទាំង ៦ ប្រភេទធំៗ នៅកម្ពុជា ~ RK Property Cambodia

តើកម្មសិទ្ធិអចលនះទ្រព្យមានប៉ុន្មានប្រភេទ ? ស្វែងយល់ពីកម្មសិទ្ធិលើអចលនវត្ថុទាំង ៦ ប្រភេទធំៗ នៅកម្ពុជា


 ប្រជាជនភាគច្រើនតែងតែយល់ថា កម្មសិទ្ធិអចលនវត្ថុមានតែ ២ ប្រភេទប៉ុណ្ណោះគឺ កម្មសិទ្ធិឯកជន និងកម្មសិទ្ធិរដ្ឋ។ ប៉ុន្តែ បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ឯណោះ។

មកស្វែងយល់ទាំងអស់គ្នាថាមានប្រភេទអ្វីខ្លះ?

១) កម្មសិទ្ធិឯកជន

កម្មសិទ្ធិប្រភេទនេះ គឺកម្មសិទ្ធិលើទ្រព្យដែលយើងស្គាល់ទូទៅ ឧទាហរណ៍ដូចជាដី ឬផ្ទះ ដែលយើងកាន់កាប់ដោយមានប្លង់ត្រឹមត្រូវជាដើម។ តាមមាត្រា១៣៨ នៃក្រមរដ្ឋប្បវេណី បុគ្គលដែលមានបណ្ណកម្មសិទ្ធិ អាចប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើអចលនវត្ថុទាំងនោះស្របច្បាប់។

២) កម្មសិទ្ធិអវិភាគ

កម្មសិទ្ធិអវិភាគ គឺអចលនទ្រព្យដូចជាដី ឬផ្ទះ ដែលមានម្ចាស់ច្រើនអ្នក ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានទេ។ និយាយឱ្យងាយយល់ ឧទាហរណ៍ ការចូលលុយគ្នាទិញផ្ទះមួយខ្នងចំនួន ១០ នាក់ ផ្ទះនោះមិនអាចពុះចែកគ្នាជា១០ បានទេ ហើយម្ចាស់ទាំង ១០ ក៏នឹងទទួលបានប្លង់រឹងតែមួយសន្លឹកប៉ុណ្ណោះ។ ដូច្នេះ បើចង់លក់អចលនទ្រព្យ គឺត្រូវមានការយល់ព្រមពីម្ចាស់គ្រប់រូប។ ដូចគ្នានេះ ម្ចាស់ម្នាក់ៗ ក៏អាចលក់ចំណែករបស់ខ្លួនបានដូចការលក់ភាគហ៊ុនដូច្នោះដែរ ប៉ុន្តែត្រូវមានការយល់ស្របពីម្ចាស់ផ្សេងទៀត ហើយត្រូវយកប្លង់ទៅចុះឈ្មោះឡើងវិញជាមួយអាជ្ញាធរ។

ដូច្នេះ ក្នុងនាមជាអ្នកទិញ ជាបឋមអ្នកត្រូវចេះមើលចំណារនៅខាងក្រោយប្លង់រឹងនោះ ថាតើអចលនទ្រព្យនោះ ជាទ្រព្យអវិភាគឬយ៉ាងណា ហើយមានម្ចាស់ប៉ុន្មាននាក់។ ប៉ុន្តែ មុននឹងសម្រេចចិត្តទិញ គួរសាកសួរទៅកាន់អាជ្ញាធរក្រសួងដែនដី ដើម្បីទទួលបានព័ត៌មានជាក់លាក់។

៣) សហកម្មសិទ្ធិ

ទ្រព្យសហកម្មសិទ្ធិ គឺជាទ្រព្យដែលមានម្ចាស់កម្មសិទ្ធិច្រើនអ្នក តែខុសពីទ្រព្យអវិភាគ ដោយទ្រព្យនោះត្រូវបានពុះជាកម្មសិទ្ធិឱ្យម្ចាស់ម្នាក់ៗ ហើយម្ចាស់ម្នាក់ៗមានប្លង់រឹងរៀងៗខ្លួន ប៉ុន្តែចំណែកដែលសេសសល់ជាចំណែករួម។ (មាត្រា១៧៥ នៃច្បាប់ភូមិបាល)

និយាយឱ្យងាយយល់ គឺអចលនទ្រព្យសហកម្មសិទ្ធិ សំដៅលើខុនដូ ឬដីឡូតិ៍ជាដើម ដែលម្ចាស់ម្នាក់ៗមានប្លង់សម្រាប់យូនីតរៀងៗខ្លួន ប៉ុន្តែកន្លែងសាធារណៈដូចជា សួនច្បារ អាងហែលទឹក ឬជណ្ដើរយន្ត គឺជាកម្មសិទ្ធិរួមគ្នា មិនមែនជារបស់នរណាម្នាក់ទេ។

សហកម្មសិទ្ធករដែលកំពុងកាន់កាប់ ឬជួលអចិន្ត្រៃយ៍នៅលើចំណែកឯកជននៃអគារសហកម្មសិទ្ធិនេះ ត្រូវមកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។ (អានបន្ថែម)

៤. កម្មសិទ្ធិសមូហភាព

កម្មសិទ្ធិសហគមន៍ ឬសមូហភាព សំដៅលើអចលនវត្ថុរបស់វត្តអារាម និងអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច។ អ្នកទិញត្រូវប្រុងប្រយ័ត្ន ព្រោះយោងតាមមាត្រា២០ និង២៣ នៃច្បាប់ភូមិបាលឆ្នាំ២០០១ អចលនទ្រព្យប្រភេទនេះ មិនអាចយកទៅលក់ ផ្លាស់ប្តូរ ធ្វើអំណោយ ឬកាន់កាប់ដោយបុគ្គលផ្សេងបានឡើយ។ ជាក់ស្ដែង នៅលើប្លង់រឹង (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នឹងមានការបញ្ជាក់ពីប្រភេទកម្មសិទ្ធិនេះ។

៥. កម្មសិទ្ធិសាធារណៈរបស់រដ្ឋ

ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។ តាមមាត្រា១៥ និង១៦ នៃច្បាប់ភូមិបាល ទ្រព្យនេះជាកម្មសិទ្ធិរួម សម្រាប់បម្រើប្រយោជន៍សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត។

៦. កម្មសិទ្ធិឯកជនរបស់រដ្ឋ

ទ្រព្យឯកជនរបស់រដ្ឋ មានន័យថា គឺអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជន ក្នុងទម្រង់ផ្សេងៗ។ ទ្រព្យសម្បត្តិប្រភេទនេះ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ឬ ជួលទៅឱ្យឯកជន។ ដូច្នេះ ក្រោយការផ្ទេរ ទ្រព្យនេះគឺអាចលក់ដូរ ជួល ឬផ្ទេរកម្មសិទ្ធិបាន តែត្រូវឋិតក្រោមការកំណត់របស់ច្បាប់ (មាត្រា១៦ ច្បាប់ភូមិបាល)។ ដូច្នេះ បើចង់ទិញដីសម្បទាន ត្រូវសិក្សាលក្ខខណ្ឌនៃដីឱ្យបានច្បាស់លាស់។

ជាសរុប ការយល់ដឹងពីប្រភេទកម្មសិទ្ធិអចលនទ្រព្យទាំង ៦ប្រភេទ នឹងជួយអ្នកឱ្យជៀសផុតពីបញ្ហាដូចជាការឆបោក ឬបញ្ហាទិញដីខុសច្បាប់ ព្រោះបើអ្នកចេះសង្កេតមើលថាអចលនទ្រព្យទាំងនោះជាប្រភេទអ្វី ទិញលក់បាន ឬមិនបាន។ យ៉ាងណាក្ដី រាល់ការទិញលក់ អ្នកត្រូវតែយកប្លង់ទៅបញ្ជាក់ជាមួយអាជ្ញាធរទើបជាការល្អ។

ប្រភពះ https://www.construction-property.com

Share:

No comments:

Post a Comment

Flag Counter

Visitor


Search

Blog Archive

Pageviews past week

Categories

Support

សាកសួរព័ត៌មានលំអិត 098 829 166 / 092 829 166 / 088 994 8585 យើងខ្ញុំស្វាគមន៍ដោយក្តីរីករាយ សូមអរគុណ!

Facebook Pages