រាល់ការកាន់ដីធ្លីនៅប្រទេសកម្ពុជា ត្រូវតែមានឯកសារកាន់កាប់ដីធ្លី ហើយឯកសារទាំងនោះ យើងបែងចែកជាពីរប្រភេទ៖ ឯកសារប្រភេទប្លង់ទន់ និងឯកសារប្រភេទប្លង់រឹង ។ ហើយនៅទីនេះ យើងនឹងនឹងលើកយកមកបង្ហាញតែ ឯកសារប្រភេទប្លង់រឹង ប៉ុណ្ណោះ ។
ដើម្បីធានាពីប្រសិទ្ធភាពផ្លូវច្បាប់ត្រឹមត្រូវការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាត្រូវមានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ហើយប្លង់រឹងទាំង នោះមាន ០៣ ប្រភេទ (ជំនាន់) ផ្សេងៗគ្នា៖
១) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា “ប័ណ្ណស្លាបមាន់” ឬចុងសន្លឹក
ប័ណ្ណស្លាបមាន់
ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ ។ ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយា- ល័យសុរិយោដីកាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។
ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដីចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។ ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណ ឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ។
២) ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទ ឬជំនាន់ទីពីរ ដែលចេញជូនភោគី ឬអ្នកកាន់កាប់អចលនវត្ថុ (ដីធ្លី) ចាប់ពីចន្លោះឆ្នាំ ១៩៩៥ ដល់ពេលបច្ចុប្បន្ន ។ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះក៏ជាប្រភេទប័ណ្ណភោគៈដូចទីមួយខាងលើដែរ គឺវាមិនមែនជាប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិដីធ្លីស្របច្បាប់ ១០០% ឡើយ។ប័ណ្ណនេះចេញដោយមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត-ក្រុង នៃប្រទេសកម្ពុជា ចេញជូនអ្នកកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា ដើម្បីគ្រាន់តែបញ្ជាក់ពីភោគីស្របច្បាប់ប៉ុណ្ណោះ មិនទាន់ក្លាយជាម្ចាស់កម្មសិទ្ធិនៃដីដែលបានកាន់កាប់នោះឡើយ ។
ដូច្នេះ ប្រភេទប័ណ្ណទី ១ និងទី ២ ខាងលើនេះ ជាប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ ដែលមិនទាន់មានសុពលភាពផ្លូវច្បាប់ ១០០% នោះទេ ហើយក៏មិនទាន់បញ្ជាក់ពីកម្មសិទ្ធិករស្របច្បាប់នៃដីដែលបានកាន់កាប់នោះដែរ វាប្រៀបបានដូចជា កម្មសិទ្ធិបណ្តោះអាសន្នប៉ុណ្ណោះ ។
៣) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
នេះជាប្រភេទប័ណ្ណកម្មសិទ្ធិដីធ្លីចុងក្រោយគេ ដែលចេញចាប់តាំងពីឆ្នាំ ២០០២ រហូតមកទល់បច្ចុប្បន្ន ។ អ្នកខ្លះនិយមហៅប័ណ្ណប្រភេទនេះថា ប័ណ្ណ ឬប្លង់ LMAP ឬប័ណ្ណប្រព័ន្ធ ដោយហេតុថា ប័ណ្ណប្រភេទនេះ ចេញជូនតែម្ចាស់ដីទាំងឡាយណាដែលបានចុះបញ្ជីដីរបស់ខ្លួន ជាលក្ខណៈប្រព័ន្ធ (Systematic Land Registration) ហើយដែលការចុះបញ្ជីដីជាប្រព័ន្ធនេះ ធ្វើឡើងតាំងពីអំឡុងឆ្នាំ២០០២ មកម្លេះ ដោយមានជំនួយពីធនាគារពិភពលោក ។
នៅថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការយល់ព្រមដោយទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតអោយបន្ថែមប្រព័ន្ធ QR កូដនៅលើសន្លឹកប័ណ្ណដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណៈជនអាចផ្ទៀងផ្ទាត់ព័ត៌មានអចលនវត្ថុ តាមរយៈការស្កែន QR កូដនោះ។ វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ គឺជាប័ណ្ណកម្មសិទ្ធិដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ពេញលេញតាមផ្លូវច្បាប់ ហើយដែលអ្នកកាន់កាប់ដីធ្លី ក្លាយទៅជាកម្មសិទ្ធិករស្របច្បាប់ ១០០% ។
ដូច្នេះ កាលណាគេនិយាយពីប្លង់រឹង គឺបានដល់ប្លង់ទាំងបីប្រភេទនេះឯង គ្រាន់តែថា ក្នុងចំណោមប្លង់រឹងទាំងបីនេះ គេចែកជា ០២ប្រភេទទៀត គឺប័ណ្ណប្រភេទទីមួយ និងប្រភេទទីពីរ (ជាប័ណ្ណភោគៈ) ហើយប័ណ្ណប្រភេទទី បី ទើបជាប័ណ្ណកម្មសិទ្ធិស្របច្បាប់ ១០០% (កម្មសិទ្ធិករនៃដីដែលបានកាន់កាប់ពេញលេញតាមផ្លូវច្បាប់) ។
ប្រភពះwww.realestate.com.kh
No comments:
Post a Comment